ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃគង់នៅវត្ដទេពនិមិត្ត (ដោយ៖នួនសុីណាត)
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងលោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មានសទ្ធាជ្រះថ្លានាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនជូនព្រះគ្រូចៅអធិការវត្តនិងគណៈកម្មការវត្តគង់នៅវត្ដទេពនិមិត្ត ស្ថិតនៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឳកាសនោះ ព្រះគ្រូចៅអធិការវត្ដទេពនិមិត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ លូ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃនៅក្នុងវត្តធម្មយុត្តិ ដោយនៅក្នុងស្ថានភាព ដែលយើងខ្ញុំកំពុងតែត្រូវការចាំបាច់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងពេលពេលបច្ចុប្បន្ន។
មានប្រសាសន៍ក្នុងនាពេលនោះ ឯកឧត្តម សុខ លូ បានសណូមពរដល់ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការវត្តទេពនិមិត្ត សូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋសូមអោយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ជាពិសេសនាពេលខាងមុនសូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តការចាក់វ៉ាក់សាំងដែលប្រព្រឹត្តទៅតាមធម្មតា ចំពោះមនុស្សដែលមានអាយុ៦០ឆ្នាំឡើង នៅតាមមូលដ្ឋាន ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩សូមអញ្ជើញមកចាក់វ៉ាក់សាំងបានទាន់ពេលវេលា។
ព្រមជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនព្រះសង្ឃដែលគង់នៅក្នុងវត្ត ក្នុងនោះរួមមាន អង្ករ មី ទឹកសុទ្ធស ទឹកភេសជ្ជៈ ទឹកក្រូច ត្រីខ ទឹកដោះគោ និងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ។