ប្រជាពលរដ្ឋទីទ័លក្រ និងគ្រួសារអតីតយុទ្ធជនពលីដែលមានជីវភាពលំបាកខ្វះខាតចំនួន៦ គ្រួសារថ្មីទៀត បានទទួលអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ។
នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបញ្ចប់ភារកិច្ចស្នូលនៅក្នុងអង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅផ្សព្វផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ក្នុងដំណាក់កាលថ្មីនៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ និងគ្រួសារអតីតយុទ្ធជនពលីចំនួន៦គ្រួសារថ្មីទៀតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីម៉ាម៉ាចំនួនមួយកេស ទឹកស៊ីអ៉ីវចំនួនមួយយួរ ម៉ាស់ក្រណាត់ចំនួន១២ម៉ាស់ និងថវិកាមួយចំនួនផងដែរ ។