ម្ចាស់បូមសាំងក្បែរចង្ក្រានដាំបាយមិនប្រយ័ត្នបាន ឆាបរៀលបណ្តាលអោយឆេះតូបលក់ឥវ៉ាន់០១ខ្នងនៅស្រុកបវេល
(ខេត្តបាត់ដំបង)ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅល្ងាចថ្ងៃទី២៦ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១៧និង០០នាទីល្ងាចស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។តូបលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងខណ:ដែលម្ចាស់យកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងសន្ធោសន្ធៅផ្អើលអ្នកជិតខាងមកជួយពន្លត់តែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ធានបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចដដែលបានអោយដឹងទៀតថា តូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនិងទទួលដំណឹងយឺតពេល ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរជំវិញកន្លែងកើតហេតុទើបដឹងថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យកើតឡើងខាងលើនេះគឺបណ្តាលមកពីម្ចាស់មានការធ្វេសប្រហែសដោយយកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃដដែលថា សម្ភារខូចខាតតូបលក់ចាប់ហួយ០១ខ្នងឆេះទាំងស្រុង រួមនឹងសម្ភារៈឥវ៉ាន់ចាប់ហួយគិតជាទឹកប្រាក់សរុបចំនួន ៨០០០ដុល្លារអាមេរិចនិងទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ។