អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបាននាំយកទៅចែកជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារជនចាស់ជរាគ្មានទីពឹងចំនួន៦០គ្រួសារ មកពីស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជន និងជនចាស់ជរាគ្មានទីពឹង។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត បានឱ្យដឹងថាៈ អំណោយដែលបានផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន និងជនចាស់ជរាគ្មានទីពឹង នាពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលដែលបានផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពងឆ្នាំង ក្នុងដំណាក់ការដែលកម្ពជា ក៏ដូចជានៅលើពិភពលោក បានរងផលប៉ះពាល់នៃជំងឺកូវីដ១៩ននេះ។ អំណោយដែលត្រូវផ្តល់ជូននាពេលនេះមានចំនួន ៦០គ្រួសារ មកពីក្រុងកំពង់ឆ្នាំង១០គ្រួសារ និងស្រុករលាប្អៀរ៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ ក្រម៉ា១ ប្រេងឆា១ដប មី១កេស ត្រីខ១យួរ សាប៊ូ១ប្រអប់ធំ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថាៈ ថ្មីៗនេះដោយសារមានជម្ងឺសាកល កូវីដ-១៩ បានឆ្លងរីករាលដាល បណ្តាលឱ្យមានអ្នកឈឺ និងស្លាប់ជាច្រើននាក់។ ហើយនៅកម្ពុជាក៏មានការឆ្លងនាំចូលពីក្រៅប្រទេសផងដែរ ធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរគ្រប់ទីកន្លែង។

ដោយសារទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានផ្តល់អំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរៀបចំចែកជូនដល់គ្រួសារតីតយុទ្ធជន ជួបការលំបាក ក្នុងដំណាក់កាលនៃការរងនូវផលប៉ះពាល់កូវីដ១៩នេះក្នុងការជួយសម្រួល និងដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលមានការខ្វះខាតខ្លាំងបំផុត។

លោកជំទាវ កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជន និងជនចាស់ជរាទាំងអស់ត្រូវយកចិត្តិទុកដាក់ថែទាំសុខភាព រស់នៅដោយមានអនាម័យជាប្រចាំ ពិសេសគឺត្រូវអនុវត្តន៍ឱ្យបានជាប់ជាប្រចាំនូវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យកើតមានក្នុងគ្រួសារ និងសហគមន៍របស់យើង ៕

 

អត្ថបទដែលជាប់ទាក់ទង