ឯកឧត្តមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការបង្កបង្កើនផល​ដំណាំ​ស្រូវវស្សា​ នៅស្រុកជើងព្រៃ

កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោកជំទាវអភិបាលរងខេត្ត នាព្រឹក​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករ ស្ថិតនៅ​ក្នុង​ឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។

គួរ​បញ្ជាក់​ថា​ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នេះ​សម្រាប់​ខេត្ត​កំពង់ចាម​ អនុវត្តបាន៖ ការភ្ជួររាស់ ៩២ ៧១៥ហិកតា​ សំណាប ១៤៧​ហិកតា​ និងការដាំដុះ ៩២ ៧១៥ហិកតា​ ស្មើនឹង ១០៧.២៣% នៃផែនការ​ ៨៦ ៤៦១ហិកតា​ លឿនជាងឆ្នាំមុន ៣ ៤២៤ ហិកតា​ បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះ​ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២២ ៩១៨ហិកតា​ ស្មើនឹង២៤.៧២%នៃផ្ទៃដី​អនុវត្ត។
ដោឡែក​ដំណាំរួមផ្សំរដូវវស្សាឆ្នាំ២០២០​ អនុវត្តបាន៖ ការភ្ជួររាស់ ៥១ ១២៩ហិកតា​ និងការដាំដុះ ៥១ ១២៩ហិកតា​ ស្មើនឹង១០១.០០% នៃផែនការ ៤៩ ៦៣៣ហិកតា​ យឺតជាងឆ្នាំមុនចំនួន ២៩៥ហិកតា​ បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះ​ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២០ ៧៤៩ហិកតា​ ស្មើនឹង៤១.៣៩%នៃផ្ទៃដីអនុវត្ត។​
បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុម​​ វិបុល​ ប្រធាន​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០២០នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់​១១.១៣ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ឡេីង​០.១៣​ម៉ែត្រ​​ ចំពោះ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុងប្រយ័ត្ន​១៥,២០​ ដោយ​ឡែក​​ឆ្នាំ​២០១៨កន្លងទៅ​ទឹក​មាន​កម្ពស់​​៦.១៦ម៉ែត្រ​​​​ ៕​

អត្ថបទដែលជាប់ទាក់ទង