ផ្ទះឈ្មោះផល ប្រជាការពារសង្កាត់ច្រាំងចំរេះ២ បើក វង់ល្បែងស៊ីសង ទាំងថ្ងៃទាំងយប់ អាជ្ញាធរមិនខ្វល់បង្រ្កាប
ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានប្រជាពលរដ្ឋ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌ ឫស្សីកែវ រិះគន់ថា កំពុងតែមានភាពគគ្រឹក គគ្រេង ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមិនខ្លាចរអាសមត្ថកិច្ចមូលដ្ឋានបន្តិចសោះ។
ប្រភពព័ត៌មានបានអោយដឹងថា ផ្ទះឈ្មោះផល ដែលមានតួនាទីជាប្រជាការពារក្នុងសង្កាត់ច្រាំងចំរេះ ២ បានយកតួនាទីជាប្រជាការពារ ដែលសង្កាត់ប្រគល់អោយ មកកាងបើកល្បែងស៊ីសង(វង់បៀរ)ទាំងថ្ងៃទាំងយប់ដោយមិនមានខ្លាចញញើត គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរះ ២ បន្តិចសោះឡើយ។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ខាងលើ ភ្នាក់ងារពត៌មានយើង បានជួបសម្ភាសន៍ជាមួយនឹងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះ ២ លោកបានបញ្ជាក់ថា សុំឲ្យបងប្អូនប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តចំពោះបញ្ហានេះ សូមមកដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះ ២ ដោយរូបលោកកំពុងតែមានវត្តមាននៅទីនោះស្រាប់។
មហាជនសម្ដែងការហួសចិត្ត ចំពោះការឆ្លើយ របស់លោកប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះ ២ ដែលជាអ្នកមានតួនាទីអនុវត្តផ្ទាល់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការធានាឲ្យបាន គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ពលរដ្ឋរិះគន់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសង គ្រឿងញៀនឬភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន គួរណាស់លោកជានាយប៉ុស្តិ៍ចាត់វិធានការ ណាមួយសមស្របដើម្បីចុះពិនិត្យ អង្កេត ស្រាវជ្រាវ មិនគួរណាលោក រង់ចាំពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនោះទេ។
ពលរដ្ឋចោទសួរសំនួរថា តើមានពលរដ្ឋណាហ៊ានចេញមុខក៏ប្តឹងបុគ្គលដែលបើកល្បែងស៊ីសង បុគ្គលដែលជួញដូរគ្រឿងញៀន បុគ្គលដែលប្រើប្រាស់គ្រឿងញៀន?ពួកគាត់ភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ពួកគាត់ពិតជាមិនហ៊ានចេញមុខប្តឹងឡើយ។
ពលរដ្ឋសើចចំអកថា បើគ្មានអ្នកប្តឹងទេ អ្នកបើកលេងល្បែងចេះតែលេងទៅ? អ្នកជក់គ្រឿងញាណចេះតែជក់ទៅ? អ្នកជួញដូរគ្រឿងញៀនចេះតែជួញដូរជាធម្មតាទៅ មែនទេ? តើឯណាទៅភូមិឃុំមានសុវត្ថិភាព?។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ ២ នេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានករណីជល់មាន់ភ្នាល់ដាក់លុយ នៅភូមិក(មាត់ទន្លេ) និង លេងល្បែងចាក់ខ្លាឃ្លោកបញ្ជាដោយតេលេកម្មង់នៅចុងភូមិ(ក) និងបើកហាងអុិនធឺណេត ដែលបង្កប់ដោយល្បែងភ្នាល់បាល់ នៅខាងក្នុងជាន់ទី២ (នៅម្តុំផ្ទះតាស័ក្តប្រាំ) ព្រមទាំងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន យ៉ាងគគ្រឹកគគ្រេងផងដែរ។
ប្រជាពលរដ្ឋបានដាក់ការមន្ទិលសង្ស័យចំពោះករណីនេះថា មានការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរមូលដ្ឋាន ទើបបុគ្គលទាំងនេះហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ យ៉ាងគឃ្លើន ដោយមិនខ្លាចញញើតអាជ្ញាធរបន្តិចសោះឡើយ។
ប្រជាពលរដ្ឋសូម សំណូមពរដល់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលលោកតែងតែខិតខំទាំងយប់ទាំងថ្ងៃ ចុះបង្រ្កាប ល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាអោយបានគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាលោកអធិការនៃអធិការដ្ឋានខណ្ឌឬស្សីកែវ មេត្តាពិនិត្យមើលភាពមិនប្រក្រតី នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ២ នេះផងទាន!៕