មន្ទីសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ លោកប្រធានមន្ទីរបានសំណេះសំណាល និងដាក់ផែនការថ្មីអោយថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងកម្មករជំនាញជួសជុល និងថែទាំផ្លូវថ្នល់អោយកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ជាងមុន
ខេត្តព្រះវិហារ ៖លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងកម្មករជំនាញថែទាំនិងជួសជុលផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ សរុបចំនួន ៨៧ នាក់ នៅសាលប្រជុំធំរបស់មន្ទីរ។
ក្នុងកិច្ចសំណេះសំណាលនេះ លោកប្រធានមន្ទីរក៏បានស្វែងយល់ពីទុក្ខលំបាក និងភាពងាយស្រួលរបស់កម្មករជំនាញដើម្បីឈានទៅរកការជួសជុលថែផ្លូវទាំថ្នល់អោយកាន់តែប្រសើឡើង ដោយបានរកឃើញនូវចំណុចខ្សោយ ចំណុចខ្លាំង និងបញ្ហាប្រឈមរបស់កម្មករ។
លោកប្រធានមន្ទីរថែមទាំងបានមានប្រសាសន៍សង្កត់ធ្ងន់លើការធានាអោយបាននូវសុខសុវត្ថិភាពរបស់មន្ត្រី កម្មករជំនាញនៅការដ្ឋាន ជាពិសេសសុវត្ថិភាពចរាចរណ៍ពេលកំពុងអនុវត្ដការងារនៅលើការដ្ឋាន ដោយតម្រូវអោយក្រុមការងារដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើការដ្ឋានអោយបានត្រឹមត្រូវ ពាក់អាវ និងមួកសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ដោយយថាហេតុ។
ក្នុងឱកាសនោះលោកប្រធានមន្ទីរក៏បានធ្វើការកោតសរសើនូវកិច្ចខិតខំបំពេញការងារកន្លងមក ព្រមទាំងបានជូនពរដល់មន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងកម្មករជំនាញទាំងអស់នៅក្រោយពេលត្រលប់ពីសម្រាកបុណ្យភ្ជុំបិណ្ឌវិញនេះ និងអោយបន្ដខិតខំបំពេញការងារអោយរឹតតែប្រសើឡើងជាងមុន ជាពិសេសរាល់ការងារជួសជុល និងថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារ ដោយត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស នៃការជួសជុលផ្លូវថ្នល់ និងសេចក្ដីណែនាំពាក់ព័ន្ធទាំងឡាយអោយបានខ្ជាប់ខ្ជួនដើម្បីទទួលបាននូវគុណភាព និងការប្រើប្រាស់បានយូអង្វែង ហើយលោកប្រធានក៏បានផ្ដាំផ្ញើដល់មន្ត្រី និងកម្មករជំនាញទាំងអស់អោយជៀសឆ្ងាញពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ ៕ដោយ ទូចចន្នា