មន្ទីសុខាភិបាលខេត្តសហការជាមួយអង្គការ FHI360/PSIដាក់ដំណើរការសេវាព្យាបាលជំងឺរ៉ាំរ៉ៃនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការសេវាព្យាបាលជំងឺរ៉ាំរ៉ៃនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីលោក លោកស្រី មកពីមណ្ឌលសុខភាព អាជ្ញាធរស្រុក ឃុំផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយអង្គការ FHI360/PSI រៀបចំដាក់ឱ្យដំណើរការសេវាថែទាំ ឱសថប្រឆាំងនឹងមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីបង្កើនការស្រាវជ្រាវ និងផ្តល់ការព្យាបាល ឱ្យបានទាន់ពេលវេលា ក្រោមការជួយឧត្តមគាំទ្រ ពីសំណាក់ខេត្ត និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ សើរស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ FHI360 / PSI ដែលបានសហកាជាមួយនិងមន្ទីរសុខាភិបាលខេត្ត ក្នុងការបង្កើតនិងរៀបចំ ដាក់ឱ្យដំណើរការព្យាបាលជំងឺរ៉ាំរ៉ៃនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យទទួលបាននូវសេវាសុខាភិបាលបានឆាប់រហ័ស ដែលសកម្មភាពទាំងនេះគឺបានឆ្លើយតបទៅនឹងផែនការ និងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាសុខាភិបាលឱ្យនៅជិតនឹងប្រជាពលរដ្ឋ។

លោក បានផ្តាំផ្ញើដល់បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់ពីបញ្ហាជាក់ស្តែងថ្មីៗដូចជា ការអប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ១៩, ជំងឺឆ្លងនានា ជំងឺរ៉ាំរ៉ៃ ដែលកើតឡើងចំពោះប្រជាជន និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពជឿជាក់លើការផ្តល់សេវាសុខាភិបាល ៕(ដោយ៖ លោក ង៉ែត ចន្ថា)

អត្ថបទដែលជាប់ទាក់ទង