ប្រជាពលរដ្ឋរងគ្រោះមួយគ្រួសាររស់នៅ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ស្នើសុំ ឯកឧត្តមទៀសីហា មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះលួស សឿម និងប្រពន្ធឈ្មោះឡាន ឌឿង រស់នៅភូមិស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលកំពុងរងគ្រោះ ដោយសារឈ្មោះម៉ក់ វណ្ណះ បានយកគ្រឿងចក្រមកឈូសឆាយដំណាំដាំដុះ លើដីរបស់គាត់ខ្ទីចខ្ទីគ្មានសល់និងធ្វើរបងព័ទ្ធជុំវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០ លោក ម៉ក់ វណ្ណះនិងបក្សពួកបានយកគ្រឿងចក្រមកឈូសឆាយបំផ្លិចផ្លាញ ស្រូវ ម្ទេស ស្វាយចន្ទី ដំឡូងយ៉ាងសាហាវឃោរឃៅដោយម្នាក់មានកាន់ កាំបិតខ្វែវជាដើម។ រូបគាត់ទាំងពីរនាក់ប្តីប្រពន្ធដែលកំពុងរងគ្រោះបានរៀបរាប់អោយអ្នកសារព័ត៍មានដឹងថាកាលពីឆ្នាំ១៩៩៧រូបលោក បានស្នើសុំលិខិតកាន់កាប់ដីធ្លី ដីកេរ្តិ៍ពីឪពុកម្តាយដោយ មានចុះហត្ថលេខា ទទួលស្គាល់ពីលោកមេភូមិ ស្រះខ្វាវ និង លោកមេឃុំត្បែ បន្ទាប់ពីគាត់ត្រឡប់មកពីការពារជាតិនៅឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៧គឺធ្វើទាហានបំរើជាតិហើយក៏បានមកអាស្រ័យផលដីកេរ្តិ៍ពីឪពុកម្តាយរហូតមកដល់បច្ចុប្បន្ន។
ក្រោយមកនៅពីឆ្នាំ២០០៤ទីតាំងដីខាងលើត្រូវបានកាត់ពី ឃុំត្បែង មកឃុំខ្នាសណ្តាយជាអ្នកគ្រប់គ្រងវិញ ស្រាប់តែមានឈ្មោះលោក ម៉ក់ វណ្ណះ បានចេញមុខថាដីនេះគាត់ទិញអស់ហើយដោយមានមេភូមិ ឈ្មោះឡឹក សារុន និងលោកមេឃុំខ្នាសណ្តាយ ឈ្មោះជូន អាន ចុះហត្ថលេខាយកដីគាត់ទៅលក់ឲ្យឈ្មួញកណ្តាលឈ្មោះលោកម៉ក់ វណ្ណះ ព្រោះលោក ម៉ក់ វណ្ណះបានប្រាប់គាត់ថា បានទិញពីពលរដ្ឋជាអ្នកផ្សេងតែលិខិតស្នាមមិនបានបញ្ជាក់ពីការទិញលក់របស់មេភូមិលោកមេឃុំទេ តែមានលិខិតកាន់កាប់ទៅវិញ។រូបគាត់បានបន្តទៀតថាបើសិនជាលោកម៉ក់ វណ្ណះនេះទិញដីពី បុគ្គលណា ឲ្យបុគ្គលនោះ មកចង្អុលដី តើដីនោះបានមកពីណា នៅចំណុចណាកុំឱ្យចេះ ចែចង្អុលដីគេផ្ដេសផ្ដាសបែបនេះ។
ជាច្រើនឆ្នាំមកហើយលោក ម៉ក់ វណ្ណះ មិនដែលនាំ ម្ចាស់អ្នកលក់ដីឱ្យគាត់នោះមកចង្អុលដីនោះឡើយ តែផ្ទុយទៅវិញ បែជាមកគំរាមកំហែងការរស់នៅរបស់គ្រួសារខ្ញុំបាទគ្រប់រូបភាព ។កន្លងមកខ្ញុំបាទប្ដឹងលោក ម៉ក់ វណ្ណះ ទៅលោកមេឃុំខ្នាសណ្តាយ និងលោកមេឃុំត្បែងរហូតដល់សាលាស្រុកបន្ទាយស្រីផងដែរ តែនៅមិនទាន់ដំណោះស្រាយទាល់តែសោះ។ ហេតុនេះក្នុងនាមខ្ញុំបាទ លួស សឿម និងប្រពន្ធឈ្មោះ ឡាន ឌឿង ជាអតីតយុទ្ធជនគ្មានទីពឹងជីវភាពខ្សត់ខ្សោយត្រូវបានលោកម៉ក់ វណ្ណះនិងបក្សពួកធ្វើបាបយើងខ្ញុំឥតស្រាកស្រានដោយមកដក ស្វាយ ម្ទេស ស្រូវ ស្វាយចន្ទី ដំឡូង និងយកអេស្កាវាទ័រ មកឈូសឆាយបំផ្លាញខ្ទិចខ្ទីគ្មានសល់។ ហេតុនេះខ្ញុំបាទនិងក្រុមគ្រួសារសូមអង្វរដល់ឯកឧត្តមទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកអភិបាលស្រុកបន្ទាយស្រីដែលល្បីខាងជួយដោះស្រាយទុក្ខលំបាកប្រជាជនអាណិតមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផងព្រោះសព្វថ្ងៃនោះរូបខ្ញុំនិងគ្រួសារកំពុងរងទុក្ខវេទនាខ្លាំងណាស់៕ដោយ មហាជន