ភ្នំស្រះខ្ចៅ មានប្រាសាទអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត

ខេត្តកំ ពង់ធំ៖ ភ្នំស្រះខ្ចៅ ជាភ្នំប្រភេទថ្មភក់ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅលើភ្នំនេះ។
តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។
ប្រាសាទស្រះខ្ចៅ ត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួប្រាសាទដែលបែកបាក់។
ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទីមនោរម្យសម្រាប់អ្នកដើរកម្សាន្ត។
យើងអាចផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ មានភ្ញៀវបរទេសបោះតង់ប្រមាណ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។
ភ្នំស្រះខ្ចៅ ស្ថិតនៅខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូល និងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូល ប្រាសាទស្រះខ្ចៅ។
ពុទ្ធសាសនិកជនបានចូល បច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាល​បេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ។ ដោយ នួន សុីណាត

 

អត្ថបទដែលជាប់ទាក់ទង