រថយន្តដឹកឈើល្មើសច្បាប់១គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថចាប់បាន នៅចំណុចព្រំប្រទល់ ព្រះវិហារ ខេត្តសៀមរាប
កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែនបានឃាត់រថយន្តដឹកឈើល្មើសច្បាប់១គ្រឿងចំណុចព្រំប្រទល់ខេត្តសៀមរាប ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងជាអនុប្រធានគណះកម្មការបង្រ្កាបធនធានធម្មជាតិខេត្តព្រះវិហារ កាលពីវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាកតូយ៉ូតា រ៉េវ៉ូ ព័ណ៌ស ពុំមានស្លាកលេខ ដឹកជញ្ជូនឈើចេញពីកំពង់ស្រឡៅ ស្រុកឆែប ឆ្លងកាត់ខេត្តព្រះវិហារ ឆ្ពោះទៅខេត្តសៀមរាប ជាឈើប្រភេទអាលេខ១(ផ្ចឹក) ដែរត្រូវកម្លាំងអាវុធហត្ថធ្វើការស្ទាក់ចាប់បាននៅ ចំណុចព្រំប្រទល់ ខេត្តព្រះវិហារ ខេត្តសៀមរាប ដែលស្ថិតក្នុងភូមិសាស្រ្តស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់រថយន្តល្មើសច្បាប់ខាងលើមានឈ្មោះ ជា សុភ័ណ្ឌ ហៅម៉ៅ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានឆ្លើយសារភាពថាខ្លួនពិតជាបាន ដឹកជញ្ជូនឈើអានេះដោយគ្មានលិខិតអនុញ្ញាតពិតប្រាកដមែន ។
ដោយពិនិត្យឃើញថារថយន្តខាងលើ ដឹកជញ្ជូនឈើអាដោយគ្មានលិខិតអនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ក្រុមកាងារជំនាញបានសម្រេចនាំយករថយន្ត នឹងឈើអាខាងលើទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីធ្វើការវាស់វែង និងបញ្ជូនបន្តរចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ទូច ចន្នា