អាជ្ញាធរស្រុកកងមាស ចុះបង្ក្រាបបទល្មើសនេសាទ ខណៈមន្ត្រីជលផលមិនដឹងជាបាត់ទៅណា?
កំពង់ចាម ៖ ក្នុងរដូវទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើងនេះ គេសង្កេតឃើញថាមានបទល្មើសនេសាទកេីនឡេីងព្រមជាមួយផងដែរ ទោះជាយ៉ាងណាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បានខិតខំធ្វេីការបង្ក្រាបជាបន្តបន្ទាប់ ដោយមិនបានឃើញមន្ត្រីជុំនាញជលផលយើងសោះឡើយ ជាក់ស្ដែងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស បានដឹកនាំកម្លាំងសមត្ថកិច្ច ដែលមាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គបាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយដងទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការរឹបអូសបាន ១-រ៉ាវ ចំនួន១៥មាត់ ព្រួលចំនួន២០០ម៉ែត្រ។ ២-ស្បៃមុងចំនួន១៥មាត់,ព្រួលប្រវែង២០០ម៉ែត្រ។ ៣-បង្គោល២០០ដើម។ ព្រមទាំងបានប្រលែងកូនត្រីចំនួន៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានការឯកភាពពីប្រព័ន្ធផ្លូវច្បាប់ ចំពោះឧបករណ៍ខុសច្បាប់ទាំងអស់ត្រូវដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេស្ថិតក្នុងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ៕