ស្រ្តីមានជីវភាពខ្វះខាត ជនពិការ ចាស់ជរាជួបការលំបាកចំនួន ៤៩គ្រួសារ ទទួលបានអំណោយពីសាខា សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ
(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់រូប តែងតែចង់ដឹងពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមនារី និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានប្រតិបត្តិគណ:កម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកំពង់ធំ ព្រមទាំងសហការី បានបន្ដចុះសួរសុខទុក្ខពលរដ្ឋតាមខ្នងផ្ទះ និងនាំយកអំណោយរបស់សមាគមនារីកម្ពុជាផ្តល់ជូនដល់លោកតា លោកយាយ ចាស់ជរា ជនពិការ ស្រ្ដីមានជីវភាពខ្វះខាត ចំនួន ៤៩គ្រួសារ ទាំង៩ក្រុងស្រុក ក្នុងខេត្តកំពង់ធំ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមនារី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុក ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេស លោកជំទាវប្រធានកត្តិយសក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្ត ដោយសារឯកឧត្តមមានភារកិច្ចមមារញឹកច្រើន ប៉ុន្តែជានិច្ចជាកាលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់គ្នាជានិច្ច។ លោកជំទាវ ក៏បានបានបន្តទៀតថាអំណោយមនុស្សធម៌របស់សមាគមនារីដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋបានមួយរយៈពេលខ្លីមែន តែវាជាទឹកចិត្តដ៏ថ្លៃថ្លា ជួយគ្នាក្នុងគ្រាមានទុកលំបាក។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិគណ:កម្មការសមាគមនារី បានផ្សព្វផ្សាយដល់ប្រជាពល រដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហា និភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយ ក៏ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន កុំឲ្យមានអំពើហឹង្សាក្នុងគ្រួសារ ព្រមទាំងរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ហើយ លោកជំទាវ ប្រធាន ប្រតិបត្តិសមាគមនារី ក៏បានអំពាវ នាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា កុំភ្លេចឲ្យសោះ អំពីវិធានការការពាររនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់ខ្លួន ហើជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នឹងរក្សាគម្លាតគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។
ជាមួយគ្នានោះដែរ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានចែកអំណោយជូនដល់ស្ត្រីមានជីវភាពខ្វះខាត ជនពិការ ចាស់ជរាជួបការលំបាក ចំនួន ៤៩គ្រួសារ ដែលក្នុង១គ្រួសារទទួលបាននូវ អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ី ១កេស សាប៊ូ ១ឈុត ច្រាសដុសចំនួន១ឈុត ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ចំនួន ១ឈុត និងថវិកាចំនួន ៣២.០០០០រៀលផងដែរ) សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជាបានចែកអំណោយ ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងនោះស្រុកសណ្ដាន់ ៥គ្រួសារ,ស្រុកប្រាសាទសំបូរ ៦គ្រួសារ,ស្រុកតាំងគោក ៦គ្រួសារ,ស្រុកបារាយណ៏ ៥គ្រួសារ,ស្រុកសន្ទុក ៦គ្រួសារ,ស្រុកកំពង់ស្វាយ ៥គ្រួសារ ,ក្រុងស្ទឹងសែន ៥គ្រួសារ ,ស្រុកស្ទោង ៦គ្រួសារ ,ស្រុកប្រាសាទបល្ល័ង្គ ៥គ្រួសារ សរុបទាំងអស់បានចំនួន ៤៩គ្រួសារ។ ដោយ មហាជន PTV