បងប្អូនប្រជាពលរដ្ឋ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាំគ្នាសម្រុកឡើងបេះផ្សិត ប៉ក់ នៅភ្នំស្រែអំពិល ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដើម្បីលក់ឱ្យឈ្មួញ ដឹកយកទៅលក់បន្តទៅថៃ

ខេត្តកំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋភាគច្រើនមកពីខេត្តពោធិ៍សាត់ និងខ្លះទៀតអ្នករស់នៅខេត្តកំពង់ឆ្នាំងបាននាំគ្នាសម្រុកឡើងទៅភ្នំស្រែអំពិល ស្ថិតនៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដើម្បីបេះផ្សិតប៉ក់ឬខ្លះហៅផ្សិត ផូងផាំងយកមកលក់ឲ្យឈ្មួញ ដែលឈរចាំទិញនៅចំណុចផ្សារក្តុល ដើម្បីយកទៅលក់បន្ត ឱ្យទៅថៃ តាមច្រកក្រុងប៉ោយប៉ែត ។

តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋទាំងនោះបានឱ្យដឹងថា៖ពួកគាត់ខ្លះនៅភូមិបំណក់ ភូមិឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខ្លះនៅភូមិក្រាំស្គារ (ក្រាំងស្គៀរ )ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាននាំគ្នាសម្រុក ទៅបេះផ្សិតប៉ក់ នៅចំណុចតាមវាលទំនាបជើងភ្នំស្រែអំពិល នេះគឺនៅពេលដែលមានភ្លៀងធ្លាក់ជោគជាំ ព្រោះចាប់តាំងពីមានភ្លៀងធ្លាក់ប៉ុន្មាន ថ្ងៃជាប់គ្នាមក ផ្សិតប៉ក់បានដុះយ៉ាងច្រើនពេញព្រៃ ។

ពេលបេះបាន គឺដឹកតាមម៉ូតូមកដល់ផ្សារក្តុល មានឈ្មួញចាំឈរទិញ នៅទីនោះស្រាប់ ដោយផ្សិត១គីឡូក្រាម លក់បានថ្លៃ៧ពាន់រៀលទៅ៨ពាន់រៀលហើយក្នុងម្នាក់ៗមួយថ្ងៃអាចរកបានពី៤ទៅ៥គីឡូក្រាម ផងដែរឬខ្លះអាចច្រើនជានេះបើប៉ះចំហ្វូងរបស់វា ។
ជាមួយគ្នានេះ ឈ្មួញ ដែលជាអ្នកចាំឈរទិញពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាគាត់ទិញពីប្រជាពលរដ្ឋថ្លៃ ៧ពាន់រៀលទៅ៨ពាន់រៀល ពេលដឹកដល់លក់ឱ្យថៃ ១គីឡូក្រាម លក់បាន៣ទៅ៤រយបាត ឬស្មើនិងជាង៥ម៉ឺនរៀល ប៉ុន្តែផ្សិតទម្រាំដឹកដល់ទីនោះវាអាចនិងស្រកគីឡូច្រើនម្យ៉ាងវិញទៀត យើងត្រូវលាងសំអាតឱ្យបានស្អាតទើប ថៃទិញ ដែរ ។ ក្នុងមួយថ្ងៃពួកគាត់អាចទិញ ពី៤ទៅ៥រយគីឡូក្រាម ឬអាចច្រើនជាងនេះ ពេលផ្សិតសំបូរ ។

ដោយឡែកនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះលោកម៉ឹង វិសាលសុខមេឃុំក្តុលសែនជ័យវិញ បានឱ្យដឹងតាមទូរស័ព្ទថា៖ បងប្អូនប្រជាពលរដ្ឋ ភាគច្រើនមកពី ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកបេះផ្សិតប៉ក់ ភ្នំស្រែអំពិលនេះ ព្រោះនៅ ស្រុកក្រគរ គេកាប់ព្រៃអស់ទៅ គឺគ្មានព្រៃដែលផ្សិតអាចដុះបានឡើយ ម្លោះហើយ ពួកគាត់មកបេះតែជើងភ្នំស្រែអំពិល ក្នុងឃុំក្តុលសែនជ័យនឹងទេ ។សម្រាប់អ្នកភូមិក្រាំងស្គារ (ក្រាំងស្គៀរ) ភូមិក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងក៍មានអ្នកឡើងបេះផ្សិតប៉ក់ នេះដែរ ហើយខ្លះប៉ះចំហ្វូងវា ក៏អាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុង១ថ្ងៃ តែខ្លះបានត្រឹម តែ៤-៥ម៉ឺនរៀលប៉ុណ្ណោះ ។ តាមដែលលោកបានដឹងតគ្នាថា៖ ថៃ គេចូលចិត្តបរិភោគផ្សិតប៉ក់នេះ ធ្វើជាម្ហូបបានច្រើនយ៉ាងផងដែរ ព្រោះមានជំនឿរថា៖ ផ្សិតប៉ក់ហូបទៅបាត់ឈឺខ្នង ឈឺចង្កេះ ហើយផ្សិតប៉ក់នេះគឺធ្វើម្ហូប ដោយយកវាមកឆា ជាមួយសាច់ជ្រូក សាច់គោ ឬស្ងោវាក៍បានដែរ ហើយមានរស់ជាតិឆ្ងាញ់ដូចផ្សិតធម្មជាតិផ្សេងៗ ដូចជាផ្សិតកញ្ជោ ផ្សិតចំបើង និងផ្សិតសណ្តែកជាដើម។ល។

អត្ថបទដែលជាប់ទាក់ទង