លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្ត ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំជើងគ្រាវ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។​

ដោយមានការចូលរួមពីលោកស្រី ឈឹម សុផល អភិបាលរងស្រុករលាប្អៀរ លោកស្រី មាស សុម៉ាលី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, កម្លាំងមានសមត្ថកិច្ច, មេ ឃុំ មេភូមិ, អាជ្ញាធរ, ក្រុមការងារ​របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។​

គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

ក្នុងឱកាសនោះលោកជំទាវ​បាន លើកឡើងថាៈ ក្រោមការដឹកនាំចង្អុលបង្ហាញទិស របស់ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយបានជម្រុញ ពង្រឹងការអនុវត្ត ការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។

ក្នុងនោះលោកជំទាវបានផ្តាំការសូរសុខទុក្ខ ពីសំណាក់លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធាន គ.ខ.ប.ជ ខេត្ត​ និងបានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖ ១.ឱ្យយល់ពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ប្រុងប្រយ័ត្ន ចំពោះមេខ្យល់គ្រប់រូបភាព។ ២.រាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍​ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណា មកឃោសនា។ ៣.ចូលរួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។ ៤.ចូររួមអនុវត្ត ភូមិឃុំ មានសុវត្ថិភាព។ ៥.ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។​

លោកជំទាវបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងនោះលោកជំទាវ រួមជាមួយក្រុមការងារបានចែកសម្ភារ រួមជាមួយថវិកាមួយចំនួនជូនដល់លោកយាយ និងលោកតា ចាស់ជរា មានជំងឺ​ប្រចាំកាយចំនួន០២នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង