ឯកឧត្តម អម សុភា អញ្ជើញ​នាំយកអំណោយ​មនុស្សធម៌របស់សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​ ជូនលោក​យាយ​ជរា​ដែល​មាន​ចៅ​ស្រី​២នាក់នៅក្នុង​បន្ទុក

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​ រួមដំណើរដោយលោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ ចែកជូនលោកយាយជរា ឈ្មោះ កែ អេង នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ដែល​បច្ចុប្បន្ននេះ​លោក​យាយ​ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ។

នាឱកាសពេលនោះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំអនុសាសន៍​ផ្ដាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ​។

ដោយក្នុងនោះ ឯកឧត្តម ក៏បានមានប្រសាសន៍ក្រើនរំលឹក​បញ្ជាក់បន្ថែមដល់អាជ្ញាធរភូមិ ឃុំ កុំឱ្យធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសកម្ពុជាយើង មានការព្យាបាលជាសះស្បើយជាច្រើន ហើយទនឹ្ទមគ្នានោះដែរ ក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះដែរ។

បន្ថែម​ពីនោះ ឯកឧត្តម​ ក៏​បាន​បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមអោយពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន ព្រមទាំងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសក្នុងថ្ងៃនេះ ជូនដល់ពួកគាត់ផងដែរ។

គូស​បញ្ជាក់ថា៖ អំណោយដែលសាខាកាក​បាទក្រហម​ខេ្តត និង​អនុសាខាកាកបាទក្រហម​ស្រុករលាប្អៀរ បាន​ចែកជូនដល់លោកយាយមាន ៖ អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ១០០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង