ឯកឧត្តម ដោក សុផា ដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យអញ្ជើញចូលរួមពិធីប្រពៃណីចាប់ត្រីរួមគ្នា(បែបបុរាណ)
ខេត្តសៀមរាប ៖ ឯកឧត្តម ដោក សុផា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាគងនិងប្រធានក្រុការងារចុះមូលដ្ឋានឃុំមានជ័យបានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាគង អញ្ជើញចូលរួមក្នុងពិធីប្រពៃណីចាប់ត្រីរួមគ្នាបែបបុរាណរបស់អ្នកស្រុកបាគង ដែលជាទំនៀមទម្លាប់មួយតាំងពីបុរាណមក ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម ដោក សុផា បាទមានប្រសាសន៍ថាពិធីប្រពៃណីចាប់ត្រីរួមគ្នាសម្រាប់កម្មវិធីនេះគឺជាប្រពៃណីទំនៀមទម្លាប់មួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែរួមគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។
ក្នុងពិធីចាប់ត្រីនោះដោយមានការអញ្ជើញប្រធានអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំមានជ័យទាំង៩ភូមិ ប្រជាពលរដ្ឋចូលរួម មានចាស់ក្មេង ប្រុសស្រី ជាច្រើនកុះករ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញ។
មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមគ្នា។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាសឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំពិធីបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។
ទិដ្ឋភាពបែបនេះ ត្រូវបានគេចូលរួមក្នុងពិធីនេះជាង១០ឆ្នាំមកហើយនោះ បានសង្កេតឃើញថាពិធីនេះកាន់តែទទួលបានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែមានមនុស្សកាន់តែច្រើនបានចូលរួម។ ពិធីបុណ្យនេះមិនត្រឹមតែជួយរក្សាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្រើនរំលឹកប្រជាពលរដ្ឋកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវរួបរួមជួយគ្នាថែរក្សាប្រពៃណីជាតិយើងឱ្យសកម្មបន្តទៅមុខទៀតកុំឱ្យមានការបាត់បង់ និងព្យាយាមផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ ។
ឯកឧត្តមក៏បានបន្ថែមទៀតថាឆ្នាំក្រោយៗឯកឧត្តមនិងដឹកនាំក្រុមការងារសមាជិកសមាជិកាចុះមូលដ្ឋានឃុំមានជ័យទាំង ៩ភូមិមកសម្រាកបោះតង់មុនមួយយប់ដើម្បីត្រៀមក្នុងកម្មវិធីចាប់ត្រីប្រពៃណីនោះឲ្យកាន់តែច្រើនកុះករថែមទៀត។
នៅក្នុងកម្មវិធីនោះដែរ ឯកឧត្តម ដោក សុផា បានជូនថវិកាចំនួន ១០០០០០០រៀល(មួយលានរៀល)ទៅដល់គណៈកម្មការដើម្បីកសាងបន្ទប់ទឹកនឹងបានបន្តដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមានជ័យ ស្រុកបាគង ខេត្តសៀមរាប ចុះពិនិត្យការកសាងក្លោងទ្វារនិងរបងមណ្ឌលសុខភាពមានជ័យ និងបានប្រគល់ថវិកាថ្លៃកសាងរបង ក្លោងទ្វារមណ្ឌលសុខភាពចំនួន ៩៩៩៩៩០០រៀល (ប្រាំបួនលានកៅសិបប្រាំបួនមុឺនប្រាំបួនពាន់ប្រាំបួនរយរៀល) ផងដែរ។