ពិធីបើកសម្ពោធអគារសិក្សា១ខ្នង បីជាន់ ១៨ បន្ទប់ក្រោមអធិបតីភាពឯកឧត្តម ភឺន ផល្លា និងលោកជំទាវសាយ សោភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា

 

(កណ្ដាល) ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យអប់រំជាចម្បង បានតម្រូវឱ្យមានការពង្រាយ អនុវិទ្យាល័យនៅតាមឃុំសង្កាត់នីមួយៗក្នុងស្រុកទូទាំងប្រទេស ក្នុងនោះ អនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាងស្ថិតនៅក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យដំណើរការ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកជំទាវ សាយ សោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម នូ សាខនប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន សុខាទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ ថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជនបក្សសិស្សានុសិស្សជាច្រើនទៀត។

ជាកិច្ចស្វាគមន៍លោក នូ សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួលបានឡើងអានរបាយការណ៍ឱ្យដឹងថា អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅលើទីតាំង ស្រះ រំចេក ដែលមានទំហំផ្ទៃដីប្រមាណ ៤៤៥១ ម៉ែត្រការេ ក្រោមដឹកនាំជ្រោមជ្រែងកសាងដោយ ឯកឧត្តម ភឺន ផល្លានិងលោកជំទាវ សាយ សុភា បានចាប់ផ្តើមដំណើការសាងសង់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ជាទម្រង់អគារសិក្សា១ខ្នង ដែលមានកម្ពស់៣ជាន់ ស្មើនិង១៨ បន្ទប់ និងបានប្តូរឈ្មោះពីអនុវិទ្យាល័យ អង្គស្នួល មក អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។ អគារសិកស្សាថ្មីនេះមាន២បន្ទប់ប្រើប្រាស់ជាទីចាត់ការ សាលប្រជុំ៣បន្ទប់ បន្ទប់មុខវិជ្ជាពិសោធន៍១បន្ទប់ សម្រាប់បណ្ណាល័យ និងបន្ទប់នៅសល់គឺសម្រាប់ថ្នាក់រៀនសិស្សនុសិស្សដែលសរុបទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផងនោះ មានទំហំទឹកប្រាក់ចំនួន ៥៥៨៩០៨.៥០ដុល្លារ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសម្តែងនូវការសាទរចំពោះសមិទ្ធិផលថ្មីបន្ថែមមួយនេះ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ។
ឯកឧត្តម គួច ចំរើន ក៏បានរំលឹកពីប្រវត្តិតស៊ូរបស់ប្រមុខដឹកនាំគឺ សម្តេចតេជោ ហ៊ុន សែន ថាជាអច្ឆរិយបុគ្គល ជាមេដឹកនាំដែលបានគិតគូរវែងឆ្ងាយពីជោគវាសនាប្រទេសជាតិ បានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ក្រោមម្លប់សន្តិភាពធ្វើឱ្យកម្ពុជាបានកសាងនូវសមិទ្ធិផលនានារាប់មិនអស់ក្នុងនោះ វិស័យអប់រំសិក្សាធិការត្រូវបានលើកកម្ពស់ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹងគុណភាពអប់រំឈានទៅប្រគួតប្រជែងថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។ ចំពោះសមិទ្ធិផលថ្មីនេះ ពិតជាបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍធនធានមនុស្ស ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់គោលដៅអភិវឌ្ឍន៍ធនធានមនុស្សជាសំខាន់ ក្នុងការកសាងសង្គមជាតិឱ្យរីកលូតលាស់ហើយរឹងមាំបាន អាស្រ័យទៅលើធនធានមនុស្ស មានសុខភាពល្អ មានរាងកាយរឹងមាំ និងមានចំណេះដឹងគ្រប់គ្រាន់ ពោលគឺមានធនធានសម្បូរបែប។ យ៉ាងណា ឯកឧត្តម សុំឱ្យក្មួយៗបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ គឺ រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី របស់ប្រមុខដឹកនាំរបស់យើង។

ជាមួយគ្នានោះដែរ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា ឧត្តមប្រឹក្សាព្រះមហាក្សត្របានចាត់តាំងឲ្យមកតំណាងក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា និងអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ ហ៊ុន សែនអង្គស្នួល នេះជាមោទនភាពណាស់សម្រាប់រូបលោកនិងក្រុមការងារ ហើយសម្ដេចបានផ្ដាំផ្ញើសាកសួរសុខទុក្ខ លោកយាយ លោកតា ពូ មីង បងប្អូន កូនក្មួយទាំងអស់គ្នាតាមរយៈខ្ញុំបាទដោយក្តីនឹករលឹកបំផុត នេះជាកាយវិការយកចិត្តទុកដាក់សុខទុក្ខរបស់លោកយាយ លោកតា បងប្អូនទាំងអស់ដោយសម្ដេចមិនភ្លេចទេ នូវសុខទុក្ខបងប្អូនព្រោះសុខទុក្ខបងប្អូនជាសុខទុក្ខរបស់សម្ដេចទ្វេ។ ឯកឧត្តមបានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានស្រុកកំណើតរបស់ខ្លួន ពិសេសអគារសិក្សាជាសមិទ្ធិផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានបង្ហាញរូបរាងយ៉ាងត្រដែតត្រដឹមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ឯកឧត្តម ភីន ផល្លា បានមានប្រសាសន៍មន្ថែមទៀតថា សម្តេចតេជោតែងតែគិតគូរពីវិស័យអប់រំជានិច្ច ព្រោះនេះជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ហើយអ្វីដែល សម្តេចគិតនោះ គឺចំណេះដឹង ធនធានមនុស្ស ព្រោះថា សម្តេចបានរំដោះប្រជាជនឱ្យរស់រានមានជីវិត រហូតបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជន បានតស៊ូ រំដោះជាតិ លះបង់ជីវិត ដើម្បីជាតិមាតុភូមិ ហើយប្រឹងកសាងអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតមានសមិទ្ធិផលធំៗជាច្រើន ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រីកព្រោងព្រាតដូចផ្សិត ពិសេសសម្តេចតេជោបានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីប្តូរយកសុខសន្តិភាព ដែលជាកំណប់ដ៏ធំមួយសម្រាប់ប្រជាជាតិ។ឯកឧត្តមបានបញ្ជាក់ថា អគារសិក្សា១ខ្នង ៣ជាន់ ១៨បន្ទប់នេះ បានបង្ហាញពីក្តីស្រមៃចង់បានសាលាល្អ សាលារៀនស្អាត របស់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ឥឡូវក្តីស្រមៃនេះបានក្លាយជាការពិតហើយ ដូច្នេះត្រូវតែបង្ហាញការឆ្លើយតបចំពោះថ្នាក់ដឹកនាំរបស់យើង ដែលលោកខិតខំប្រឹងប្រែងរហូតដល់មានពេលនេះ តាមរយៈការយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឱ្យបានជ្រៅជ្រះក្លាយធនធានដ៏មានសក្កដានុពល ជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិរបស់យើង ក៏សុំអរគុណដល់ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាលនិងជាប្រធានគណៈកម្មការបក្សខេត្តកណ្ដាល ហើយជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម យូ សិរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងឯកឧត្តមលោកជំទាវ លោក លោកស្រី លោកយាយ លោកតា ពូ មីង បងប្អូន កូនក្មួយដែលឆ្លៀតពេលវេលាដ៏មានតម្លៃបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា និងអាគារសិក្សាថ្មី អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួលនាពេលនេះ និងសូមប្រកាសដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា និងអាគារថ្មី១ខ្នង ៣ជាន់ ១៨ បន្ទប់ដែលជាអំណោយដ៏ថ្លាថ្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនចាប់ពីពេលនេះតទៅ៕

សោ ចេិ 
ិុ
ោក

ុំ។

អត្ថបទដែលជាប់ទាក់ទង