ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅពេលនេះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ គឺឈ្មោះ កាម៉ារូទីន ស៊ូហៃមី មុខរបរជាប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង