ឯកឧត្តម យូ សិរីវុឌ្ឍអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលបងប្អូនមកពីថ្នាក់ដឹកនាំឃុំសង្កាត់ ស្រុក ក្រុង របស់គណបក្សភ្លើងទៀន ឆន្ទះ កំលាំងជាតិចំនួន២៦៤នាក់ក្នុងខេត្តពោធ៏សាត់

ពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលបងប្អូនមកពីថ្នាក់ដឹកនាំឃុំសង្កាត់ ស្រុក ក្រុង របស់គណបក្សភ្លើងទៀន គណបក្សឆន្ទះ និងគណបក្សកំលាំងជាតិចំនួន២៦៤នាក់ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិតីភាពឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជន ឯកឧត្តម ខូយ រីដាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណះកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត ឯកឧត្តម ហ៊ុន សុខា សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារចលនាសមាជិកបក្សមូលដ្ឋានខេត្តកំពត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៤។

បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជន ទាំង២៦៤នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។

ពួកគាត់បានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថា គណបក្សភ្លើងទៀន គណបក្សឆន្ទះ និងគណបក្សកម្លាំងជាតិ សុទ្ធតែប្រើយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។

ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។

អត្ថបទដែលជាប់ទាក់ទង