ល្បីឈ្មោះលោកហួរនិងលោកវុធកំពុងតែជំនាញរត់ការប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញបន្ទុកនៅក្នុងរដូវបិទនេសាទ


ខេត្តកំពង់ឆ្នាំង÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំង ណរ៉ាវ វែងៗរាប់រយខ្សែដាក់យ៉ាងរំភើយ នៅចំណុចភូមិ ព្រែកខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ទាំងក្នុងរដូវបិទនេសាទនេះ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែបទល្មើសនេសាទហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។ បទល្មើសនេសាទកើតមានយ៉ាងអនាធិបតេយ្យគឺបណ្ដាលមកពីបុគ្គលពីរនាក់ដែលមានឈ្មោះ ហួរ និង ឈ្មោះ វុធ ដែលជាមេការខាងសម្របសម្រួលជាមួយសមត្ថកិច្ចជំនាញនេះបើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ។

ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងឿងឆ្ងល់ថា ប្រហែលជាមានការបិទបាំង និងត្រូវថ្នាំសណ្ដំអស់ហើយ បានជាបទល្មើសនេសាទនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។

ក្រោយពីទទួលបានព័ត៌មាន ពេលដែលប្រជាពលរដ្ឋរាយការណ៍ជូនមកកាន់អង្គភាពសារព័ត៌មាន ក្រុមការងារអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាពជាក់ស្ដែង នៅទីតាំងបទល្មើស ហើយប្រជាពលរដ្ឋ ស្នើបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំស្រុក បានដឹង ពិសេសលោក យ៉ែម លក្ខិណា អភិបាលអភិបាលនៃគណៈអភិបាលស្រុកកំពង់លែងមេត្តាមានវិធានការចំពោះមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនផងពីព្រោះបុគ្គល ឈ្មោះ ហូរ និងឈ្មោះ វុធ នេះកំពុងធ្វើព្យុះធ្វើភ្លៀងក្នុងការរត់ការប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញបន្ទុកក្នុងរដូវបិទនេសាទនេះ។

ពាក់ព័ន្ធនិងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំរបស់ប្រជាពលរដ្ឋឲ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន នៃកម្ពុជា ៕(អត្ថបទនិងរូបភាពដោយមិនប៊ុនតឺង)

 

អត្ថបទដែលជាប់ទាក់ទង