កម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណក្រុមការងារ SOCCER LEAGUE បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

នៅភោជនីយដ្ឋាន The Kambang នាល្ងាចថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៤ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងក្រុមការងារ យុវជនស្ម័គ្រចិត្ត SOCCER LEAGUE ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីនាឱកាសនោះ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមការងារអនុគណៈកម្មាការ យុវជនស្ម័គ្រចិត្ត SOCCER LEAGUE ក្រុមហ៊ុនឯកជន និងសប្បុរជនដែលបានចូលរួមចំណែកជាកម្លាំងកាយ ចិត្ត ថវិកា ក្នុងការគាំទ្រព្រឹត្តិការណ៍ SOCCER LEAGUE ពីដើមរហូតដល់ចប់យ៉ាងរលូន និងជោគជ័យ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាការរៀបចំ ដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងការប្រមូលជាកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីរៀបចំការប្រកួត គៀនគរក្រុមហ៊ុនឯកជន ក៏ដូចជាសប្បុរសជននានាដើម្បីសហការគាំទ្រ និងទាក់ទាញមហាជនដើម្បីចូលរួមទស្សនាការប្រកួតកន្លងទៅផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ជានិច្ចកាល ស.ស.យ.ក. តែងតែរៀបចំកម្មវិធីនានា ដោយក្នុងនោះរៀបបញ្ចូលទាំង SOCCER LEAGUE គឺមានគោលបំណងក្នុងការផ្តល់ឱកាសនៃការជួបជុំ និងបង្កើតភាពស្និតស្នាល ក៏ដូចជាការយោគយល់គ្នាសម្រាប់មហាជនគ្រប់ស្រទាប់សង្គមក្នុងស្មារតីជាខ្មែរតែមួយ។

អត្ថបទដែលជាប់ទាក់ទង