ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី ៦
ភ្នំពេញ៖ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ ដែលមានសិក្ខាកាមចូលរួម ២១៥ នាក់ មកពីអង្គភាពព័ត៌មានទូទាំងរាជធានីខេត្តក្រុងចំនួន ៥០ អង្គភាពដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំ់២៥៦៧ ត្រូវនឹង១៩ ខែឧសភា ឆ្នាំ២០២៤។
ពិធីនេះដែរ ក៏មានការអញ្ជើញ ផ្ដល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានគណៈអធិបតី អមដំណើរដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា លោកប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព លោក ខេង យ៉ារី ប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងសមាជិកសមាជិកា ចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានជាច្រើនអ្នកផងដែរ។
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ នេះ រៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព រួមសហការជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកកាសែតឯករាជ្យ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព។
មានមតិស្វាគមន៍អង្គពិធី លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានមានមតិស្វាគមន៍និងរាយការណ៍ជូន ឯកឧត្តមប្រធានគណៈអធិបតីនិងអង្គពិធីអំពី បេសកកម្មសំខាន់ៗរបស់សមាគម និងផែនការសកម្មភាពសម្រាប់អនុវត្តទិសដៅបន្តទៅមុខ។
លោកប្រធាន បានមានប្រសាសន៍ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី ៦ ក្នុងរយៈពេលមួយឆ្នាំកន្លះ នៃការកកើតសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ដែលកន្លងមក បានរៀបចំវគ្គបណ្ដុះបណ្ដាលបាន 6 វគ្គ រួចមកហើយ ដោយរយៈពេល 3 ខែម្ដង មានសិក្ខាកាមជាអ្នកសារព័ត៌មាន ចូលរួមសរុបជាង 1,000 នាក់ មកពីបណ្ដាអង្គភាពព័ត៌មាន ជាច្រើន តាមបណ្ដារាជធានីខេត្តក្រុង។
លោកប្រធាន តំណាងឲ្យសមាជិកសមាជិកានិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មមាញឹកនិងងមានតម្លៃបំផុត ដើម្បីចូលរួមជាប្រធានគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ នេះ ដែលនេះគឺជាទឹកចិត្តនិងកាយវិការ ប្រកបដោយសេចក្តីរាប់អាន អាណិតស្រឡាញ់ ចំពោះបងប្អូនអ្នកសារព័ត៌មាន គួរឱ្យគោរពនិងកោតសរសើរ បំផុត។
ថ្លែងសំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងនូវការសប្បាយរីករាយនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនិងសមាគមទាំងអស់ជាដៃគូសហការព្រមទាំង បងប្អូនអ្នកសារព័ត៌មាន ដែលខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានឲ្យទទួលបានជោគជ័យ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមប្រកាសគាំទ្ររាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការបោះជំហានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យរីកចម្រើនជឿនលឿនបន្ថែមទៀត។
ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោង ព្រែកជីកហ្វូណនតេជោ គឺការផ្ដួចផ្ដើមប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងវែងឆ្ងាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នសម្ដេចគឺជាប្រធានព្រឹទ្ធសភាជាតិ។
ឯកឧត្តម ភឺន ផល្លា ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះជនអគតិមួយចំនួនដែលឆ្លៀតឱកាសកេងប្រវ័ញ្ចនយោបាយ យកករណីព្រែកជីកហ្វូណនតេជោ មកធ្វើជាប្រធានបទ ក្នុងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មូលបង្កាច់បង្ខូច រាជរដ្ឋាភិបាលដោយបានទាញជាប់ករណីនេះ ទៅនឹងកត្តាភូមិសាស្ត្រនយោបាយអន្តរជាតិ មានចេតនាបន្តិចបង្អាក់ ផ្ទុយទៅវិញ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានទទួលការគាំទ្រយ៉ាងច្រើនកុះករនិងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ស្រទាប់យុវវ័យគ្រប់ក្រសួងស្ថាប័នទាំងអស់ទាំងក្នុងនិងក្រៅប្រទេសគួរជាទីមោទនភាពបំផុត។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន ជៀសវាងការផ្សាយព័ត៌មាន ដែលខ្វះការស្រាវជ្រាវ ស៊ើបអង្កេត គ្រប់ជ្រុងជ្រោយនិងសម្ភាសន៍សួរនាំគ្រប់ភាគីពាក់ព័ន្ធដើម្បីទទួលបានព័ត៌មានពិត។ហើយរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃការពិត ព័ត៌មានមូលបង្កាច់ ដែលមានចេតនាបំបែកបំបាក់សាមគ្គីភាព រារាំងការអភិវឌ្ឍន៍ និងបង្កភាពចលាចលនៅក្នុងសង្គមជាតិ។ផ្ទុយទៅវិញត្រូវបំផុសចលនារួមគ្នាផ្សព្វផ្សាយព័ត៌មានល្អៗនិងព័ត៌មានអភិវឌ្ឍន៍ព័ត៌មានទេសចរណ៍ប្រពៃណីទំនៀមទម្លាប់ ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវជាតិនិងអន្តរជាតិ ឲ្យបានស្វែងយល់ពីការពិតនៅកម្ពុជា។
ទន្ទឹមនិងនេះឯកឧត្តម ភឺន ផល្លា ក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានត្រូវខិតខំប្រឹងប្រែងរកចំណូលបន្ថែមពីលើការងារផ្សេងៗទៀត ដើម្បីជួយរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពប្រសើរថែមទៀត។
ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានគឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នគ្រប់វិស័យទាំងអស់ និយាយឱ្យចំសារព័ត៌មានគឺជាឆ្អឹងខ្នងនៃសង្គម ដែលមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។
នៅចុងបញ្ចប់នៅកម្មវិធីឯកឧត្តម បានផ្តល់ថវិកាជួយឧបត្ថម្ភទាំងស្រុងដល់កម្មវិធីបណ្ដុះបណ្ដាលរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និងបានផ្ដល់កិត្តិយសចែកវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ២១៥ នាក់និងបានថតរូបរួមគ្នាជាអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងភាតរភាពបំផុត៕