អភិបាលស្រុកប្រាសាទសំបូរ ជំរុញលោកគ្រូអ្នកគ្រូ ត្រូវពង្រឹងគុណភាពអប់រំ និងអំពាវនាវសិស្សានុសិស្ស កុំឱ្យបរិភោគអាហារដែលប៉ះពាល់ដល់សុខភាព
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូករបាយការណ៍កម្មវិធីស្បៀងអាហារពេលព្រឹកនៅតាមសាលារៀន ប្រចាំត្រីមាសទី១ នៅការិយាល័យអប់រំយុវជន និងកីឡាស្រុកប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
កម្មវិធីនេះក៍មានការអញ្ជើញចូលរួមមាន លោកមេឃុំ ស្មៀនឃុំ លោកនាយកនាយិកាសាលា នាយឃ្លាំង និងតំណាងអង្គការទស្សនៈពិភពលោក សរុប៧៨នាក់។
លោក អាន ហេង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា បានអានរបាយការណ៍សង្ខេបស្ដីពីកិច្ចប្រជុំបូកសរុបរបាយការណ៍ កម្មវិធីស្បៀងអាហារពេលព្រឹកនៅតាមសាលារៀន។ លទ្ធផលដែលសម្រេចបាន គឺនៅតាមសាលារៀនមានការចម្អិនអាហារពេលព្រឹក តាមការគ្រោងទុក ចុងភៅចម្អិនបានទៀងទាត់ និងមានអនាម័យល្អ សាលារៀនបានសហការគ្នាល្អជាមួយសហគមន៍ អាជ្ញាធរភូមិ/ឃុំ ដើម្បីឱ្យអាហារពេលព្រឹកប្រកបដោយអនាម័យ និងមានប្រសិទ្ធភាពខ្ពស់ដល់សិស្សានុសិស្ស។ ចំពោះបញ្ហាប្រឈមនៅតាមសាលារៀនគឺ កង្វះទឹកស្អាតក្នុងការប្រើប្រាស់ និងទឹកស្រោចស្រពបន្លែ និងសាលាមួយចំនួនមិនទាន់មានរោងបាយសមរម្យ សម្រាប់ដំណើរការក្នុងការចម្អិនអាហារពេលព្រឹកនោះឡើយ។
នៅក្នុងឱកាសនេះលោក ឃីម សុខឃាង បានកោតសរសើរចំពោះ លោកនាយកនាយិកាសាលា លោកប្រធានការិយាល័យអប់រំ អាជ្ញាធរឃុំ សហគមន៍ ដែលតែងតែរួមគ្នាក្នុងការអនុវត្តការងារក្នុងមួយត្រីមាសនេះ ទទួលបានលទ្ធផលល្អ និងជាពិសេសគឺតំណាងអង្គការទស្សនៈពិភពលោក តែងតែជួយឧបត្ថម្ភគាំទ្រ ដល់សាលារៀន និងសិស្សានុសិស្ស នៅក្នុងស្រុកប្រាសាទសំបូរឱ្យមានដំណើរការជារៀងរាល់ឆ្នាំ។
លោកអភិបាលស្រុកប្រាសាទសំបូរ បានលើកទឹកចិត្តគាំទ្រដល់អង្គការដៃគូ និងសប្បុរសជននានាដែលបានជួយដល់កុមារនៅតាមសាលារៀន ជាពិសេសគឺគាំទ្រជាអាហារពេលព្រឹកសម្រាប់កុមារ ដែលកិច្ចការនេះនឹងក្លាយជាកិច្ចការរបស់យើងទាំងអស់គ្នានាពេលខាងមុខ។ ចំពោះបញ្ហាប្រឈមកង្វះទឹកស្អាត លោកនឹងជំរុញ ដល់ក្រុមហ៊ុនទឹកស្អាតពន្លឿនការការងារនេះឱ្យបានឆាប់។
លោក ឃីម សុខឃាង បានជំរុញដល់លោកគ្រូអ្នកគ្រូចុះត្រួតពិនិត្យ និងតាមដានសិស្សានុសិស្ស នូវស្ថានភាពជាក់ស្ដែងរបស់ពួកគេ មិនត្រូវទុកឱ្យកុមារណាម្នាក់បោះបង់ការសិក្សា ដោយយើងមិនបានយកចិត្តទុកដាក់នោះឡើយ ក្នុងខណ:ដែលកុមារកំពុងចង់រៀន។ យ៉ាងណាមិញលោកគ្រូអ្នកគ្រូត្រូវណែនាំសិស្សានុសិស្សយល់ដឹងពីការទទួលទានអាហារ ដែលនាំឱ្យខូចសុខភាព ឬហៅថាអាហារបិសាច និងបានលើកទឹកចិត្តឱ្យមានការផ្ដល់អាហារបន្ថែមដល់សិស្សានុសិស្សយ៉ាងហោចណាស់មួយខែឱ្យបាន២ដង។
ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ដើម្បីឱ្យមានការអភិវឌ្ឍធនធានមនុស្សគឺ ផ្ដើមចេញពីការពង្រឹងគុណភាពអប់រំ ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះកុមារដែលងាយរងគ្រោះ។ សូមលោកគ្រូអ្នកគ្រូត្រូវ ខិតខំបំពេញការងារ ដើម្បីកូនក្មួយរបស់យើងទាំងអស់គ្នា សម្រាប់ការងារបន្ថែមរបស់អង្គការទស្សនៈពិភពលោក បន្តជួយដល់កុមារនៅក្នុងស្រុកប្រាសាទសំបូរបន្តទៀត នៅអាហារពេលព្រឹកនៅតាមសាលារៀន។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។