អាគារសិក្សាមួយខ្នង កសាងដោយសមហគមន៍កសិករ ឃុំសានគរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ៖ អគារសិក្សា០១ខ្នងមាន ០៦ បន្ទប់ ចំណាយទឹកប្រាក់ប្រមាណ ៣២៣,៣៨ ដុល្លាសហរដ្ឋអាមេរិក ដែលជាគំនិតផ្ដួចផ្ដើម កសាងឡើងដោយប្រជាសហគមន៍ ជុំវិញសាលាបឋមសិក្សាសាន់គរ ត្រូវបានកសាងរួចរាល់ជាស្ថាពរ និងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ហើយ នាសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រជាសហគមន៍នៅទីនោះ បានលើកឡើងថា ដោយមើលឃើញអាគារនៅសាលារៀននេះមានសភាពចាស់ ទ្រុឌទ្រោម  និងមិនអាចធានាបាននូវសុវត្ថិភាពនៃការសិក្សារបស់សិស្សានុសិស្ស ក៏បានមូលមតិគ្នាលើកផែនការកសាងអគារសិក្សាថ្មី ដោយមានការចូលរួមជាមួយ លោកនាយកសាលា ប្រធានគណៈកម្មាធិការទ្រទ្រង់សាលារៀន បានព្រមព្រៀងមូលមតិគ្នាលើកផែនការកសាងអគារសិក្សាថ្មី១ខ្នងនេះឡើង ធ្វើអំពីឥដ្ឋប្រក់ស័ង្កសី ដែលមានទំហំ ៤៨ម៉ែត្រ×០៩ម៉ែត្រ ស្មើនឹង០៦បន្ទប់។

លោក ផូ ប៊ុនថា តំណាងសប្បុរសជននៅក្នុងភូមិសានគរ បានឲ្យដឹងថា សាលារៀន១ខ្នងនេះ ចាប់ផ្តើមកសាងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ និងបានបញ្ចប់ការកសាងរួចជាស្ថាពរនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចំណាយអស់ទឹកប្រាក់ចំនួន៣២.៣៣៨ដុល្លារសហរដ្ឋអាមេរិក ដែលថវិកាទាំងអស់នេះមានការចូលរួមឧបត្ថម្ភ ពីសប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងខេត្ត ពិសេសជាការលះបង់រួមចំណែកថវិកាធនធានផ្ទាល់ខ្លួនរបស់មាតា បិតា និងអតីតសិស្ស ដែលធ្លាប់សិក្សានៅសាលានេះផងដែរ។

ក្នុងនាមជានាយកសាលា គណៈកម្មការទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិក្សានុសិស្សទាំងអស់សូមថ្លែងអំណរគុណដល់ សហគមន៍កសិករជុំវិញសាលាបឋមសិក្សាសានគរ និងសប្បុរសជននានាដែលបានជួយសាងសង់អគារសិក្សា១ខ្នងចំនួន6 បន្ទប់ ដើម្បីឲ្យលោកគ្រូអ្នកគ្រូបានបង្រៀនសិស្សប្រកបដោយសុវត្ថិភាព និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សនៅសាលាបឋមសិក្សាសានគរមានចំនួនសិស្សសរុប៧១០នាក់ ស្រី៣៣៧នាក់ ទទួលបានសម្លៀកបំពាក់១នាក់១កំផ្លេ និងសម្ភារៈសិក្សាចំនួន៧១០ឈុត ។

អត្ថបទដែលជាប់ទាក់ទង