ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ អមដំណើរព្រះតេជគុណ សៀង សុខ ព្រះមេគណខេត្ត និមន្ត និងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តវិបស្សនារាមហៅវត្តវល្លិយាវ ស្ថិតនៅឃុំត្រពាំងសឬស្សី ស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងលោកជំទាវ រូមនិងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តវិបស្សនារាមហៅវត្តវល្លិយាវ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះផងដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះតេជគុណ សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះទេពសេដ្ឋាបារមីព្រះមេគុណខេត្តកំពង់ធំ ។
ព្រះតេជគុណ ហៀក សុខមុន្នី ព្រះគ្រូចៅអធិការវត្ត វិបស្សនារាមហៅវត្តវល្លិយាវ បានរាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តវល្លិយាវនេះ តាំងពីឆ្នាំ១៩២៥ ដែលមានរយៈពេលជាង១០០ឆ្នាំមកហើយ ហើយនិងសមិទ្ធផលនានា ដែលបានកសាងឡើងអស់ជាច្រើនម៉ឺនដុល្លារ ដោយឡែកសាលាពុទ្ធិកបឋមសិក្សាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះមានទំហំ២៥ម៉ែត្រគុណនិង ៩ម៉ែត្រ និងបំពាក់គ្រឿងសង្ហារឹមមួយចំនួន ដែលមានតម្លៃជាង១៨០លានរៀល។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានថ្លែងនូវការស្វាគមន៍ដល់គណៈអធិបតីនិងសមាជិក សមាជិកា ដែលបានចូលរួមក្នុងអង្គពិធីនេះ នឹងបានរាយការណ៍អំពីការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃនូវការកោតសរសើរ ចំពោះព្រះតេជគុណ ហៀក សុខមុន្នី ព្រះគ្រូចៅអធិការវត្ត ក្រោមការដឹកនាំចង្អុលបង្ហាញពីព្រះតេជគុណ សៀង សុខ ព្រះមេគុណខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ដឹកនាំកសាងសមិទ្ធផលនានានៅក្នុងទីវត្តអារាមនេះឲ្យមានការរីកចម្រើនគួរជាទីមោទនភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងសម័យប៉ុលពតវត្តអារាមនិងព្រះសង្ឃ ទាំងអស់នៅទូទាំងប្រទេស ត្រូវបានពួកវាបំផ្លាញចោល ដោយយកទីវត្តអារាមជាកន្លែងពិឃាតមនុស្សនិងជាកន្លែងចិញ្ចឹមសត្វ ហើយព្រះសង្ឃត្រូវបានពួកវាចាប់ផ្សឹក និងបង្ខំឲ្យទៅធ្វើការជាទម្ងន់នៅតាមមូលដ្ឋាននានាយ៉ាងធ្ងន់ធ្ងរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្ថែមទៀតថា បច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វត្តអារាមជាង ៤.៩០០ វត្តត្រូវបានជួសជុលនិងកសាងឡើងវិញ និងមានព្រះសង្ឃជាង៧៥.០០០ អង្គ កំពុងប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយសារប្រទេសជាតិយើងស្ថិតក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ។
បន្ទាប់មកគណៈអធិបតី ព្រះតេជគុណ ព្រះមេគុណខេត្ត បានជូនលិខិតថ្លៃអំណរគុណដល់សប្បុរសជន និងបានអញ្ជើញកាត់ខ្សែបូរ សម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងទីវត្តអារាមនេះ ប្រកបដោយជោគជ័យ៕