ឯកឧត្តម ហ៊ាង កាណុល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសចក្តីព្រាងចំណាត់ថា្នក់ស្ដង់ដារមុខរបរកម្ពុជាឆ្នាំ២០២២
(កំពង់ធំ)៖ ឯកឧត្តម ហ៊ាង កាណុល អនុរដ្ឋលេខាធិការ ក្រសួងផែនការបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសចក្តីព្រាងចំណាត់ថា្នក់ស្ដង់ដារមុខរបរកម្ពុជា ឆ្នាំ២០២២ នៅ សណ្ឋាគារក្លរៀស និងស្ប៉ា ខេត្តកំពង់ធំ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ ឯកឧត្តម ឃិន សុវក្ខណ៍ ទីប្រឹក្សានិងជាអគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានលើកឡើងថាគោលបំណងនៃសិក្ខាសាលា គឺដើម្បីចែករំលែកចំណេះដឹងអំពីសារប្រយោជន៍និងការប្រើប្រាស់ចំណាត់ថ្នាក់ស្ដង់ដារមុខរបរកម្ពុជាក៏ដូចជាផ្ដល់ឱកាសដល់មន្ត្រីស្ថិតិថ្នាក់ក្រោមជាតិបានចូលរួមផ្លាស់ប្ដូរបទពិសោធន៍ អភិវឌ្ឍសមត្ថភាពស្ថិតិ និងជាពិសេសគឺការផ្តល់ធាតុចូលនៃមុខរបរដែលកំពុងមានដើម្បីធ្វើចំណាត់ថ្នាក់ស្ដង់ដារមុខរបរកម្ពុជាឲ្យស្របតាមស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៅកម្ពុជា។
ឯកឧត្តម ហ៊ាង កាណុល បានលើកឡើងថាច្បាប់ស្តីពីស្ថិតិ ឆ្នាំ២០១៥ មាត្រា១៥ បានប្រគល់ភារកិច្ចជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការត្រូវកំណត់ស្តង់ដារស្ថិតិជាតិដែលទាក់ទងទៅនឹងចំណាត់ថ្នាក់ ទស្សនាទាន និយមន័យ និង អង្គពិនិត្យពិចារណាស្ថិតិ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់អ្នកប្រើប្រាស់ទិន្នន័យ និងការជាន់គ្ន ក្នុងការផលិតទិន្នន័យស្ថិតិផ្លូវការ។ ឯកឧត្តមបន្ថែមថាសេចក្តីព្រាងនៃចំណាត់ថ្នាក់ស្តង់ដារមុខរបរកម្ពុជាដែលចងក្រងដោយវិទ្យាស្ថានជាតិស្ថិតិនៃ ក្រសួងផែនការ គឺយោងតាមចំណាត់ថ្នាក់ស្តង់ដារអន្តរជាតិនៃមុខរបរ ឆ្នាំ២០០៨ របស់ការិយាល័យ ស្ថិតិនៃអង្គការសហប្រជាជាតិជាមូលដ្ឋានតាមតម្រូវការជាអន្តរជាតិនៃទីផ្សារការងារដែលបានកើនឡើងជាលំដាប់។
ឯកឧត្តមបញ្ជាក់ទៀតថាចំណាត់ថ្នាក់ស្តង់ដារមុខរបរគឺជាឧបករណ៍មួយសម្រាប់រៀបចំការងារទៅជាក្រុម ដោយពន្យល់ លម្អិតនូវទស្សនាទាន និងនិយមន័យច្បាស់លាស់ តាមភារកិច្ច និងមុខងារដែលបានអនុវត្តនៅក្នុងការងារហើយចំណាត់ថ្នាក់ស្ដង់ដារនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុង ការបែងចែកទិន្នន័យទៅតាមប្រភេទនៃមុខរបរក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម ដូចជាវិស័យផលិតកម្មការងារ និងផ្នែកស្ថិតិផ្សេងទៀត។