រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅក្រុងស្ទឹងសែន
(កំពង់ធំ) ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅក្រុងស្ទឹងសែន ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នៅសាលាក្រុងស្ទឹងសែន។
ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ។ ឯកឧត្តម បានបន្ដថា វេទិកានេះ គឺជាយន្តការមួយដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយនឹងប្រជាពលរដ្ឋ ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ និងដោះស្រាយនិងឆ្លើយតប (បានឬមិនបាន) ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានចូលរួមក្នុងអង្គពិធីនេះផងដែរ។
ឯកឧត្តម ងួន រតនៈ ថ្លែងថា វេទិកានាឱកាសនេះ ពិតជាបានបំពេញនូវតួនាទីបានល្អ ក្នុងគោលបំណងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលនានា ដែលយើងបានអនុវត្តការងារកន្លងមក ក្នុងកម្រិតក្រុង កម្រិតខេត្ត ជូនអង្គពិធី និងទទួលយកនូវអ្វីដែលថ្មី ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងរៀបចំផែនការធ្វើបន្ត អភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដើម្បីធានាការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរមួយចំនួនដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា រួមមានការស្នើសុំជួសជុលផ្លូវ លូរំដោះទឹក បញ្ហាអគ្គិសនី ទំនាស់ដីធ្លី ការផ្ដល់សេវារដ្ឋបាល បញ្ហាបរិស្ថានអនាម័យ និងបញ្ហានានាជាដើម ។
ចុងក្រោយ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងវេទិកាព្រឹកនេះ យើទទួលបានសំនួរ និងសំណូមពរ សរុបចំនួន ៣៩ ក្នុងនោះយើងបានដោះស្រាយឆ្លើយតបភ្លាមៗបានមួយចំនួន ចំពោះសំណួរ និងសំណូមពរដែលនៅសេសសល់ទាំងប៉ុន្មាន យើងនឹងយកមកលើកដាក់ក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យដោះស្រាយ ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សា គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំ ដោយមានការបញ្ជាក់ពីមូលហេតុច្បាស់លាសជូនជ្រាបជាក្រោយ ។