បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនប្រមាណជាង ៩០០គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ នៅក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ
ភ្នំពេញ៖ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទឹក ។
សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនប្រមាណជាង ៩០០គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ នៅក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស។
ក្រោយបានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិថាមានករណីជួញដូរគ្រឿងញៀន កងកម្លាំងនគរបាលការពារព្រំដែនទឹកបានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនចំនួន ០៥នាក់ ត្រង់និយាមកា10°40.051N-103°31.320E ខាងក្រៅទំនប់កោះព្រាបក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ដោយបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៤៤ដុំ ក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម (ទម្ងន់សរុប ចំនួន ៩២៤គីឡូក្រាម)និងដកហូតមធ្យោបាយអូប័រចំនួន ០១គ្រឿង(ម៉ាស៊ីនកម្លាំង១,២០០សេះ), ទូកឈើ(ម៉ាស៊ីនកម្លាំង ១៦០សេះ) ចំនួន ០១គ្រឿង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ជនសង្ស័យទាំង ០៥ មានដូចជា ៖
១.ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន
២.ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤.ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
៥.ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនសង្ស័យនិងម្សៅក្រាមពណ៌ថ្លា បានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ចំណែកអូប័រនិងទូកត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រតាមបញ្ជាលោក អភិបាលខេត្តព្រះសីហនុ៕