ស្ត្រីម្នាក់បានមកស្រែកឡាំប៉ា នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ខណៈប្តីរបស់គាត់រួម និងស្ត្រីជាស្រីស្នេហ៍ បានប្រើហិង្សាមកលើរូបគាត់ នៅភ្នំពេញ

 

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ស្ត្រីជាប្រពន្ធឈ្មោះ ស្រុន សៀងលី ន អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានិភ្នំពេញ ។ ចំណែកបុរសជាប្តីឈ្មោះ ដួង ឧត្តម អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីនគរបាល សក្តិ៣ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។ គ្រូសារនេះមានកូនចំនួន៤នាក់ (ស្រី២នាក់ និងប្រុស២នាក់) ។
ស្ត្រីនេះបានឱ្យដឹងថា រូបគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជាប្តី តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដោយរួមរស់ជាមួយគ្នាបានកូនចំនួន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) លុះមកឆ្នាំ២០១៨ ប្តីរបស់គាត់ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាង បានលួចមានទំនាក់ទំនង ស្នេហាជាមួយនឹងនារីផ្សេងទៀត ដែលធ្វើអោយគ្រួសាររបស់គាត់កើតជាបញ្ហាទំនាស់គ្នា ឥតឈប់ ឈរ ហើយមានពេលខ្លះប្តីរបស់គាត់បានប្រើហិ.ង្សាលើមករូបគាត់ជាប្រពន្ធថែមទៀតផង ។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ឆ្នាំ២០២២ ប្តីរបស់គាត់បានសុំប្តឹងលែងលះគ្នា ចំនួន២ដង ទៅតុលាការរួចមកហើយ តែរូបគាត់ជាប្រពន្ធមិនព្រមលែងនោះទេ ព្រោះគាត់មិនចង់ អោយប្តីរបស់គាត់ម្នាក់នឹងយកអ្នកផ្សេងធ្វើជាប្រពន្ធ ។ រហូតមកដល់ថ្ងៃកើតហេតុ រូបគាត់បានជិះ ម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីរកប្តីរបស់គាត់ តែមិនឃើញ រូបគាត់ក៏បន្តជិះម៉ូតូ ទៅផ្ទះស្រីស្នេហ៍របស់ប្តីនៅម្តុំលក់ធ្យូង ស្ពានបឹងសាឡាង តែពេលទៅដល់ផ្ទះស្រីស្នេហ៍ ក៏មិនឃើញ មានមនុស្សនៅ ទើបរូបគាត់ក៍បានជិះម៉ូតូបកមកវិញ ចៃដន្យក៏ជួបស្ត្រីជាស្រីស្នេហ៍របស់ប្តីនៅ ច្រកចូល ហើយពេលនោះដែរ ក៍ស្រាប់តែស្ត្រីជាស្រីស្នេហ៍បានហៅរូបគាត់អោយចូលទៅផ្ទះវិញ ។ ពេលនោះ រូបគាត់ជាប្រពន្ធ ក៏បានដើរចូលទៅផ្ទះស្រីស្នេហ៍ ក៏ស្រាប់តែស្រីស្នេហ៍របស់ប្តី បានយកអំបោសវាយទៅលើរូបគាត់តែម្ដង ហើយមិនត្រឹមតែប៉ុណ្ណោះ ស្រី ស្នេហ៍រូបនោះបានទូរសព្ទ័ហៅប្តីរបស់គាត់មក ស្រាប់តែពេលប្តីមកដល់ បានវា.យ និងរុញគាត់ផ្ទប់ ជញ្ជាំងផ្ទះ បណ្តាលឱ្យរងរបួសពកក្បាល និងរលាត់ដៃជើងតិចតួចតែម្ដងទៅ ។ ហេតុដូច្នេះហើយ ទើបរូបគាត់បានឱ្យកូនប្រុសរបស់គាត់ឌុបមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ និងដាក់ពាក្យបណ្ដឹង តែពេលមកដល់ មិនមានសមត្ថកិច្ចណាយកចិត្តទុកដាក់ រឿងរបស់គាត់នោះទេ ដោយតែប្តីរបស់គាត់ជាអ្នកធ្វើការនៅទីនោះ ទើបរូបគាត់ស្រែកឡាំប៉ា ដើម្បី ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជួយផ្សព្វផ្សាយជាដំណឹងជូនទៅថ្នាក់លើឱ្យជួយរក យុត្តិធម៌ជូនរូបគាត់តែប៉ុណ្ណោះ ។ ជុំវិញករណីនេះ មិនទាន់ទទួលបានការបំភ្លឺណាមួយពីភាគីខាងបុរសជាប្តីនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង