អាជីវករផ្សារអូរឬស្សីរាប់រយនាក់ លើកគ្នាតវ៉ា ក្រោយគណៈកម្មការផ្សារជូនដំណឹងដល់ក្រុមអាជីវករឱ្យចូលទៅដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មី រយៈពេល ២០ឆ្នាំ

ភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២២ ក្រុមអាជីវករផ្សារអូរឫស្សី រាជធានីភ្នំពេញ រាប់រយនាក់ផ្ទុះការតវ៉ាដោយក្នុងនោះមាន ២ចំណុច ទី១សុំកែពីពាក្យបង់ថ្លៃជួលតូប មកជាពាក្យបន្តបណ្ណកម្មសិទ្ធិជូនដល់អាជីវករ និងទី២សុំបញ្ចុះថ្លៃតូប៥០ភាគរយ នៅក្នុងអាណត្តិថ្មីរយៈពេល ២០ឆ្នាំ។
គ្រាសំណើរនេះ ត្រូវបានគណៈកម្មការផ្សារយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយ ហើយនឹងជូនដំណឹងដល់អាជីវករនៅពេលក្រោយទើបនាំគ្នារំសាយ។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីគណៈកម្មការផ្សារអូរឫស្សី បានជូនដំណឹងដល់ក្រុមអាជីវកឱ្យចូលទៅដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មីរយៈពេល ២០ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

ទាក់ទងសកម្មភាពនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានលើកឡើងថា សំណើនេះទុកឱ្យគណៈកម្មការផ្សារជាអ្នករៀបចំ និងធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ អាជ្ញាធរមិនលូកដៃទេ ប៉ុន្តែប្រសិនបើនៅតែដោះស្រាយមិនចេញចាំគិតបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង