ទទួលអំណោយផ្ទះមួយខ្នង ពីយុវជនគណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ( អត្ថបទនិងរូបភាពដោយ៖ ទូច ចន្នា )
ព្រះវិហារ, នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក គឹមសាន ប្រធានយុវជន គណបក្សខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមួយខ្នង នៅឃុំប្រមេ ស្រុកត្បែងមានជ័យ ដែរជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងលោកជំទាវ និងមានការអញ្ជើញចូលរួម ពីរសំណាក់ លោកប្រធានគណៈបក្សស្រុក អនុប្រធានក្រុមការងារយុវជនចុះជួយស្រុកត្បែង និងសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក គឹមសាន ក៏បានពាំនាំនូវប្រសាសន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងបានផ្តាំផ្ញើសាកសួរ សុខទុក្ខ លោកយាយ លោកតាផងដែរ។ ឯកឧត្តមបណ្ឌិត តែងតែចាត់ឲ្យក្រុមការងារ យុវជនបក្សខេត្ត ដែលមាន ឯកឧត្តម អ៊ុក គឹមសាន ជាប្រធាន ចុះដល់ទីតាំងលំនៅដ្ឋានប្រជាពលរដ្ឋ ដែលជួបទុកលំបាក មានជីវភាពខ្វះខាត ពិសេសជនពិការភាព មេម៉ាយទីទាល់ក្រ មានជំងឺប្រចាំកាយជាដើម។ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត ឯកឧត្តមប្រធាន និងក្រុមការងារយុវជនបក្ស ខេត្តព្រះវិហារ បានរៀបចំធ្វើផ្ទះថ្មីមួយខ្នងជំនួសផ្ទះចាស់ដែលមានសភាពទ្រុឌទ្រោម ជូន លោកយាយ ថែន ហឹម ដែលមានជីវភាពខ្វះខាត និងមានចៅប្រុសស្រីពីរនាក់ ជាជនពិការនៅក្នុងបន្ទុក ។ ផ្ទះដែលសាងសង់ជូនធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ៦គុណនិង៧ម៉ែត្រ ដែលចំណាយថវិការសរុបអស់ចំនួន ១១,០០០,០០០រៀល ជាផ្ទះដំបូងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តមក៏បានជូនអំណោយ និងសម្ភារៈដល់គ្រួសារមានជីវភាព ខ្វះខាតចំនួន៧គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេះ ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ អង្ករមួយបេ ម៉ាស់និងថវិការមួយចំនួន ឯកឧត្តមក៏បានប្រគល់ថវិការចំនួន៤លានរៀល សម្រាប់សាងសង់ផ្ទះមួយខ្នងផ្សេងទៀតផងដែរ៕