ឈ្មួញឈ្មោះ ធា ឈ្មួញឈ្មោះ សម្បត្តិ និងឈ្មួញច្រើននាក់ទៀត បន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃឡង់ស្រុកសំបូរ លោក សាំង សុខន នាយកតំបន់ដែនជម្រកសត្វព្រៃឡង់និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប (ដោយ៖ ស្រី សុគន្ធា)
ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ធា ឈ្មួញឈ្មោះ សម្បត្តិ និងឈ្មួញច្រើននាក់ទៀត បន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងសកម្ម។ ក្នុងនោះឈ្មួញឈ្មោះ ធា បានធ្វើសកម្មភាពខ្លាំងក្លាជាងគេ ព្រោះឈ្មួញម្នាក់់នេះមានខ្នងបង្អែករឹងមាំ ហើយមានមន្រ្តីធំក្នុងខេត្តក្រចេះ ចាំជួយការពារគ្រប់ពេលវេលា។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះលោក សាំង សុខន នាយកតំបន់ដែនជម្រកសត្វព្រៃឡង់ និងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងចាំទទួលលាភ។
ក្រុមឈ្មួញនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងពេញបន្ទុកទាំងថ្ងៃទាំងយប់ដោយគ្មានញញើតអ្វីទាំងអស់ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបានឲ្យដឹងទៀតថាបើគ្មានការបើកដៃពីលោក សាំង សុខន នាយកដែនជម្រកសត្វព្រៃឡង់ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃឡង់ ចូលទៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទេ។ ចំណែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តា មានវិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាបច្ចុប្បន្នលោក សាំង សុខន នាយកតំបន់ដែនជំរកសត្វព្រៃឡង់ បើកដៃឲ្យឈ្មួញចូលកាត់រំលំអារច្រៀកឈើដឹកចេញពីព្រៃយ៉ាងគំហុក ហើយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បណ្ដោយឲ្យលោក សាំង សុខន ធ្វើអ្វីតាមអំពើចិត្ត។ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាសារព័ត៌មានមហាជនមិនអាចសុំការបំភ្លឺពី លោក សាំង សុខន បានទេដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនង អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់សាមុីអង្គភាពរៀងរាល់ម៉ោងធ្វើការ។