អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២៥នាក់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានចំណេះដឹង ស្តីពី «ការងារស្ម័គ្រចិត្ត និងវិជ្ជាសង្គ្រោះបឋម» ដេីម្បីជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន …!!
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការងារស្ម័គ្រចិត្ត របស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា» ជូនដល់អ្នកស្ម័គ្រចិត្ត សរុប ២៥នាក់ ដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
វគ្គបណ្តុះបណ្តាលខាងលេីនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០២២នេះ ដែលផ្តល់ដោយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជូនដល់អ្នកស្ម័គ្រចិត្ត សរុប ២៥នាក់ ដែលទេីបបានជ្រេីសរេីសថ្មី នៅក្នុងតំបន់អភិវឌ្ឍថ្មី ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដេីម្បីផ្តល់សេវាកម្មមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងរស់នៅក្នុងភូមិដែលទេីបអភិវឌ្ឍថ្មីនេះ។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសេីរដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ចូលរួមបម្រេីការងារដោយស្ម័គ្រចិត្តដេីម្បីបន្តពង្រឹងភាពធន់សហគមន៍ តាមរយៈការជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលត្រូវការជំនួយជាចាំបាច់ពេលដែលជួបប្រទះនូវគ្រោះមហន្តរាយនានា ឬជំនួយវិជ្ជាសង្គ្រោះបឋមពេលជួបឧបទ្ទុវហេតុផ្សេងៗ ស្របតាមទិសស្លោក «កម្លាំងអ្នកស្ម័គ្រចិត្ត ប្រសិទ្ធភាពមនុស្សធម៌» ក៏ដូចជាទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ជាមួយគ្នានេះ លោកជំទាវ ក៏បានរំលឹកឡេីងពីតួនាទី និងភារកិច្ចរបស់អ្នកស្ម័គ្រចិត្តដែលជាកម្លាំងឈានមុខគេនៅមូលដ្ឋាន, គោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម, មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម ក៏ដូចជាវិធានការនានាក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតនានាផងដែរ។
សូមបញ្ជាក់ថា ក្រោយពីទទួលវគ្គបណ្តុះបណ្តាល២ថ្ងៃនេះ អ្នកស្ម័គ្រចិត្តទាំង ២៥នាក់ បានទទួលនូវ វិញ្ញាបនបត្រ ឃីតសង្គ្រោះបឋម អាវអ្នកស្ម័គ្រចិត្ត ក្រមា មួក វិទ្យុទាក់ និងឯកសារអប់រំផ្សព្វផ្សាយមួយចំនួនទៀតដែលជាចំណេះដឹងថ្មីៗ សម្រាប់បំពេញការងារមនុស្សធម៌ដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន។
បន្ទាប់ពីកម្មវិធីសំណេះសំណាល និងផ្ដាំផ្ញេីជាមួយអ្នកស្ម័គ្រចិត្តខាងលេីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ដល់បងប្អូនខ្មែរ-ឥស្លាម សរុប ៣១គ្រួសារ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នេះផងដែរ៕