ស្ពានដែកបាឡេត៍១កន្លែង ស្ថិតក្នុងស្រុកសង្គមថ្មីខេត្តព្រះវិហារ បានសម្ភោធដាក់ឱ្យប្រើប្រាស់
ខេត្តព្រះវិហារ ៖ ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ពានដែកបាឡេត៍១កន្លែង ដែលជាអំណោយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ធមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលស្ពាននេះស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឱ្យប្រជាពលរដ្ធប្រើប្រាស់ ក្រោមអធិប្បតេយ្យភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្តជាច្រើនរូបទៀត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងឱ្យដឹងថា ស្ពានដែកបាឡេត៍ក្រាលឈើ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនប្រជាពលរដ្ឋឆ្លងកាត់នៅពេលនេះ គឺជាស្ពានទីពីរហើយនៅក្នុងស្រុកសង្គមថ្មី ដែលស្ពានទី១ ឆ្លងកាត់ស្ទឹងស្តៅ មានប្រវែង ៤៣ម៉ែត្រ និងស្ពានទី២នេះ ឆ្លងកាត់អូតានុប មានប្រវែង ២៤ម៉ែត្រ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពានដែកបេឡេត៍ក្រាលឈើឆ្លងកាត់អូរតានុប ស្ថិតនៅភូមិក្បាលខ្លានេះ មានប្រវែង២៤ម៉ែត្រ មានទទឹង ៤.២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ការកសាងស្ពានទាំងពីរកន្លែងនេះ គឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ គឺបានចូលរួមឧបត្ថម្ភពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវដែកស្ពានចាស់ៗ ចំណែកឈើក្រាលស្ពាន និងសរសរស្ពាន ចូលរួមឧបត្ថម្ភពី ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និង ឯកឧត្តម ប្រាក់ សុវណ្ណ ផងដែរ លោកបន្តរទៀតថា ស្ពាននេះមានសារៈសំខាន់ណាស់សំរាប់ប្រជាជននៅក្នុងឃុំត្បែងមួយនេះ សំរាប់ធ្វើចរាចរណ៍ ដឹកជញ្ញូនកសិផលនានាទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស និងជួយកាត់បន្ថយថវិការ ពេលវេលាផងដែរ កាលពីមិនទាន់សាងសង់ស្ពាន ការធ្វើធ្វើដំណើរឆ្លងកាត់មានកាពិបាកដោយសារឆ្លងអូរ ពេលភ្លៀងធ្លាក់មិនអាចធ្វើដំណើបានឡើយ។ ក្នុងនោះដែរប្រជាពលរដ្ធទាំអស់ ក៏បានសប្បាយចិត្ត មានក្តីសោមនស្សន៍រីករាយ និងអរគុណទៅដល់ សម្តេចអគមហាសេនាតេជោ ហ៊ុន សែន និងក្រុមការងារចុះជួយថ្នាក់ខេត្តព្រះវិហារទាំអស់ ដែលបានសាងសង់ស្ពានថ្មីនេះសំរាប់ឱ្យពួកគាត់ធ្វើចរាចរណ៍ និងដឹកផលកសិផលរបល់ពួកគាត់មកកាន់ទីផ្សារបានទាន់ពេលវេលា៕(ទូច ចន្នា)