ត្រាក់ទ័រ៤គ្រឿងនិងមនុស្ស៤នាក់ដែលលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាប
ខេត្តកំពង់ធំ.កាលពីវេលាម៉ោង៤.៣០នាទី ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ។ បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅចំណុចអាថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានរាយការណ៍មកលោកថា នៅចំណុចខាងលើមានត្រាក់ទ័រ ៤ គ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅទីនោះ។ បន្ទាប់មកលោកវីរៈសេនីយ៍ឯក ឃុន ប៊ុនហូ បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថចំនួន ៨ នាក់ រថយន្តចំនួន២គ្រឿងនិងម៉ូតូចំនួន៣គ្រឿង ចុះទៅទីនោះក៏ប្រទះឃើញត្រាក់ទ័រចំនួន ៤ គ្រឿងនោះកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកពិតប្រាកដមែននិងឈូសបានជាច្រើនហាត់ទៀតផង។ ពេលនោះលោកវីរៈសេនីយ៍ឯក ឃុន ប៊ុនហូ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថឃាត់ត្រាក់ទ័រទាំង៤ គ្រឿងនិងមនុស្ស ចំនួន៤ នាក់យកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដោយមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។ បន្ទាប់ពីបានឃាត់ត្រាក់ទ័រចំនួន ៤ គ្រឿងនិងមនុស្ស ចំនួន៤ នាក់យកមកកងរាជអាវុធហត្ថខេត្តរួចមក ក៏បានប្រគល់ឱ្យទៅមន្ត្រីជំនាញជលផលចាប់វិធានការបន្ត។
ក្រោយមកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២.១៥នាទី លោក ហម ហ៊ុន នាយសង្កាត់រដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំង កាប់ឆ្កាគាស់រាន ឈូសឆាយហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅចំណុចអាថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (តំបន់៣របស់អាជ្ញាធរបឹងទន្លេសាប)។
នៅពេលពិនិត្យជាក់ស្ដែងប្រទះឃើញថាផ្ទៃដី ព្រៃលិចទឹកដែលខូចខាតមានទំហំ ១៩៦ ហិចតា ត្រង់ចំណុចនិយាមកាលលេខ 480058.1387256។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្រយ៉ូវ សូមកោតសរសើរនូវចំណាត់ការរបស់លោកវីរៈសេនីយ៍ឯក ឃុន ប៊ុនហូ ដែលមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានសហការជាមួយប្រជាពលរដ្ឋបានយ៉ាងល្អ និងចុះទៅបង្ក្រាបបានទាន់ពេលវេលាផងដែល ហើយនឹងរងចាំមើលថាតើបុគ្គលរូបណាខ្លះជាអ្នកនៅពីក្រោយនៃបទល្មើសខាងលើនេះ ដើម្បីយកមកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់៕